ចិនប្រឆាំងគ្រប់សកម្មភាព បង្កគ្រោះថ្នាក់ស្ថិរភាពសន្តិសុខនៅឧបទ្វីបកូរ៉េ

ចិនជាប្រទេសតែមួយគត់ ដែលកំពុងប្រឹងប្រែងទាមទារឲ្យមានការសម្របសម្រួល ការការពារស្ថិរភាពសន្តិសុខក្នុងឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងជើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែបន្តវាយប្រហារគ្នា ទាំងការទូត និងអាវុធធុនធ្ងន់។
រដ្ឋមន្ត្រីការបរទេសចិនថ្មីៗនេះ បានចេញមុខប្រឆាំងសកម្មភាពទាំងឡាយណា ដែលគេចាត់ទុកថា កំពុងធ្វើឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ស្ថិរភាពសន្តិសុខនៅឧបទ្វីបកូរ៉េ រាប់បញ្ចូលទាំង ការទម្លាក់គ្រាប់បែប ក្នុងសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលទង្វើនេះធ្វើឲ្យកូរ៉េខាងជើងខឹងសម្បា និងតបតវិញ ដោយបាញ់សាកល្បងមីស៊ីលបាឡេស្ទិកជាថ្មី កាលពីចុងសប្តាហ៍។
ចិនបង្ហាញជំហរទន់ភ្លន់ក្នុងជម្លោះសមុទ្រចិនខាងត្បូង

នេះជាលើកទី១ ដែលទីក្រុងប៉េកាំង បន្ទន់ឥរិយាបថរបស់ខ្លួនក្នុងជម្លោះដែនសមុទ្រជាមួយបណ្ដាប្រទេសទាំង៥ មានដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន។
អាស៊ាន បានដកចេញឯកសារយោងមួយចំនួន ពីសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានឆ្នាំនេះ ដែលនឹងប្រកាសនៅថ្ងៃបញ្ចប់កិច្ចប្រជុំ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ឯកសារយោងសម្រាប់សេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន ក្នុងជម្លោះសមុទ្រចិនខាងត្បូង កាលពីឆ្នាំទៅមិញ មិនត្រូវបានប្រកាសនោះឡើយ ក្រោយមានការខ្វែងគំនិតគ្នាក្នុងបណ្ដាសមាជិកអាស៊ាន។
មន្ត្រីការទូតអាស៊ានចំនួន២រូប បានអះអាងថា ក្នុងឆ្នាំនេះសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន ត្រូវបានរដ្ឋាភិបាលចិន ស្នើដករបាយការណ៍បង្ហាញពីសកម្មភាពអភិវឌ្ឍរបស់ចិន លើដែនទឹកជម្លោះ ចេញពីរបៀបវារៈផ្លូវការនៃកិច្ចប្រជុំ។
បេក្ខភាពប្រធានាធិបតីបារាំង ផ្ដើមយុទ្ធនាការទាញប្រជាប្រិយភាព

បេក្ខភាពមកពីគណបក្សដើម្បីសេរីភាពសង្គម លោក Emmanuel Macron កាលពីថ្ងៃព្រហស្បត្តិ៍ បានរៀបចំព្យុហយាត្រាដ៏ធំមួយ ក្នុងទីក្រុង Albi ភាគខាងត្បូងប្រទេសបារាំង ដោយអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីតស៊ូប្រឆាំងគោលនយោបាយ របស់គណបក្សរណសិរ្សជាតិ។
ថ្លែងទៅកាន់អ្នកចូលរួម បេក្ខភាពប្រធានាធិបតីវ័យ ៣៩ឆ្នាំ លើកឡើងថា ពលរដ្ឋបារាំងត្រូវក្រោកឈររួបរួមគ្នា ដើម្បីផ្លាស់ប្ដូរគោលនយោបាយស៊ីជម្រៅ ការផ្សះផ្សាជាតិ ក៏ដូចជាការការពារទឹកដីជាដើម។
ជាមួយគ្នានេះ បេក្ខភាពមកពីគណបក្សរណសិរ្សជាតិ លោកស្រី Marine Le Pen ក៏បានរៀបចំការជួបជុំមួយដូចគ្នា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា លោកស្រីយល់ច្បាស់ពីអ្វីដែលពួកគេចង់បាន ហើយលោកស្រី នឹងនៅខាងពួកគេជានិច្ច។
ទោះជាយ៉ាងណា ក៏លោក Macron មានប្រជាប្រិយភាពខ្ពស់ជាងលោកស្រី Le Pen៕
Post a Comment